- Money Management
មគ្គុទ្ទេសក៍សាមញ្ញសម្រាប់រៀបចំថវិកា
ការរស់នៅសម្រាប់តែមួយគ្រប់លើការចំណាយប្រចាំថ្ងៃអាចនាំឱ្យយើងមានអារម្មណ៍ថាដូចជាកំពុងរត់លើម៉ាស៊ីនហាត់ប្រាណដែលមិនចេះឈប់នោះដែរ។ ប្រសិនបើអ្នកពឹងផ្អែកលើកាតឥណទានដើម្បីទូទាត់ការចំណាយគោលៗ ឬឆ្ងល់ថាតើលុយរបស់អ្នកបាត់ទៅណាជារៀងរាល់ខែ គឺមិនមែនមានតែអ្នកនោះទេ ហើយក៏មិនមានន័យថាអ្នកគ្មានអំណាចក្នុងការកែប្រែបាននោះដែរ។ ការរៀបចំកញ្ចប់ថវិកាអាចជារឿងគួរឱ្យភ័យខ្លាច ប៉ុន្តែវាគឺជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតដើម្បីអាចគ្រប់គ្រង និងកសាងស្ថិរភាពហិរញ្ញវត្ថុឡើងវិញ ទោះបីជាត្រូវក្បិតក្បៀតលុយក៏ដោយ។
មូលហេតុដែលការរៀបចំកញ្ចប់ថវិកានៅតែមានប្រសិទ្ធភាព – សូម្បីតែពេលអ្នកកំពុងជួបការលំបាកក៏ដោយ
នៅពេលដែលប្រាក់ខែដែលមិនទាន់ទាំងចូលគណនីផង តែត្រូវកាត់កងចាត់ចែងបង់នេះបង់នោះអស់ទៅហើយនោះ ការរៀបចំកញ្ចប់ថវិកា អាចនឹងមើលទៅហាក់ដូចជាគ្មានប្រយោជន៍ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ វាពិតជាបានជួយផ្តល់ភាពច្បាស់លាស់ដល់អ្នក។ វាជួយអ្នករកឃើញទម្លាប់ កំណត់អត្តសញ្ញាណការខ្ជះខ្ជាយ និងធ្វើការសម្រេចចិត្តប្រកបដោយបំណង។ ការរៀបចំកញ្ចប់ថវិកាមិនមែនផ្តោតលើការរឹតត្បិតទេ វាផ្តោតលើការការយល់ដឹង។
ជំហានទី 1៖ ដឹងអំពីប្រាក់ចំណូលប្រចាំខែរបស់អ្នក
ចាប់ផ្តើមជាមួយនឹងប្រាក់ចំណូលសរុបប្រចាំខែរបស់អ្នក។ នេះរួមបញ្ចូលទាំង៖
ប្រភេទនៃការចំណាយទូទៅរួមមាន៖
ប្រាក់ខែទៀងទាត់របស់អ្នក
ប្រាក់ចំណូលបន្ថែម ឬប្រាក់ចំណូលការងារឯករាជ្យណាមួយ
អត្ថប្រយោជន៍ ឬការគាំទ្រពីរដ្ឋាភិបាល
ប្រាក់ឧបត្ថម្ភកូន ឬប្រាក់អាហារូបត្ថម្ភសម្រាប់អតីតប្តី/ប្រពន្ធ
ប្រភពលុយផ្សេងទៀតដែលជាប់លាប់
កត់ចំណាំតួលេខនេះ។ វាជាមូលដ្ឋានគ្រឹះរបស់អ្នក។
ជំហានទី 2៖ រាយបញ្ជីការចំណាយថេររបស់អ្នក
បន្ទាប់មក សូមកំណត់អត្តសញ្ញាណថ្លៃវិក្កយបត្រកើតមានប្រចាំខែរបស់អ្នក។ តួលេខទាំងនេះគឺជាការចំណាយដែលមិនអាចចរចាបាន – ខ្ទង់ចំណាយដែលមានចំនួនដដែលជារៀងរាល់ខែ៖
- ថ្លៃជួលផ្ទះ ឬ ប្រាក់បង់រំលស់
- សេវាប្រើប្រាស់ (អគ្គិសនី ទឹក សាំង)
- គម្រោងទូរសព្ទ និងអ៊ីនធឺណិត
- ការសងបំណុល (កាតឥណទាន ប្រាក់កម្ចី)
- បុព្វលាភធានារ៉ាប់រង
- ថ្នាំតាមវេជ្ជបញ្ជា ឬការចំណាយទាក់ទងនឹងសុខភាព
បូកបញ្ចូលវាទាំងអស់នេះ។ ដកចំនួនសរុបនេះចេញពីប្រាក់ចំណូលប្រចាំខែរបស់អ្នក។ ចំនួនទឹកប្រាក់ដែលនៅសល់គឺជាចំនួនដែលអ្នកត្រូវប្រើសម្រាប់អ្វីៗផ្សេងទៀត។
ជំហានទី 3៖ បំបែកការចំណាយអថេររបស់អ្នក
យកចំនួនដែលនៅសល់ ហើយចែកវាជាបួនប្រភេទ៖
- ម្ហូបអាហារ – គ្រឿងទេស អាហារខ្ចប់ទិញទៅផ្ទះ ញ៉ាំអាហារនៅខាងក្រៅ
- ការធ្វើដំណើរ – ប្រេងឥន្ធនៈ មធ្យោបាយធ្វើដំណើរសាធារណៈ កន្លែងចតរថយន្ត ការថែទាំរថយន្ត
- ការសន្សំ – ទោះបីចំនួនតិចតួចក៏សំខាន់ដែរ
- អ្វីៗផ្សេងទៀត – សម្លៀកបំពាក់ ការកម្សាន្ត អំណោយ គ្រាអាសន្ន
ដើម្បីប៉ាន់ប្រមាណចំនួនដែលអ្នកចំណាយជាធម្មតាក្នុងប្រភេទនីមួយៗ សូមត្រឡប់ទៅមើលរបាយការណ៍ធនាគាររយៈពេលបីខែចុងក្រោយរបស់អ្នក។ ការធ្វើបែបនេះជួយអ្នកបង្កើតតួលេខពិតប្រាកដដោយផ្អែកលើទម្លាប់ជាក់ស្តែងរបស់អ្នក។
ជំហានទី 4៖ ចាប់ផ្តើមការសន្សំប្រាក់—ទោះបីជាវាមានចំនួនតិចតួចក្តី
ប្រសិនបើអ្នកមានលុយនៅសល់បន្ទាប់ពីចំណាយលើអាហារ និងថ្លៃធ្វើដំណើររួច សូមចែកវាជាពីរចំណែក៖
- ដាក់ពាក់កណ្តាលទៅក្នុងប្រាក់សន្សំ
- ប្រើពាក់កណ្តាលទៀតសម្រាប់ការចំណាយផ្សេងៗ
ប្រសិនបើនៅចុងខែ អ្នកសល់ប្រាក់បន្ថែម សូមអបអរជ័យជម្នះនោះ ហើយដាក់វាទៅក្នុងប្រាក់សន្សំរបស់អ្នក។ ទោះបីជាដប់ ឬម្ភៃប្រាំដុល្លារក្នុងមួយខែក្តី វានឹងកើនឡើងបន្តិចម្តងៗទៅតាមពេលវេលា ហើយជួយបង្កើតជាលុយបម្រុង សម្រាប់ទ្រទ្រង់ហិរញ្ញវត្ថុរបស់អ្នក។
គន្លឹះ៖ ការដាក់បញ្ចូលសាច់ប្រាក់បន្ថែមទៅក្នុងបំណុលដែលមានការប្រាក់ ដូចជាកាតឥណទាន និងប្រាក់កម្ចីផ្ទាល់ខ្លួន គឺជាទម្រង់នៃការសន្សំមួយ។ រាល់ប្រាក់មួយដុល្លារនីមួយៗដែលអ្នកដាក់នៅទីនោះ នឹងកាត់បន្ថយចំនួនការប្រាក់ដែលអ្នកត្រូវបង់ ដែលជួយសន្សំប្រាក់សម្រាប់អ្នកនាពេលអនាគត។
គន្លឹះដើម្បីធ្វើឱ្យការរៀបចំកញ្ចប់ថវិកាកាន់តែងាយស្រួល
- ប្រើកម្មវិធីរៀបចំថវិកាដើម្បីតាមដានការចំណាយដោយស្វ័យប្រវត្តិ។ ធនាគារមួយចំនួនផ្តល់ជូនសេវាតាមដានដោយឥតគិតថ្លៃនៅក្នុងកម្មវិធីរបស់ពួកគេ
- កំណត់ការរំលឹកលើប្រតិទិនសម្រាប់កាលបរិច្ឆេទដល់កំណត់បង់វិក្កយបត្រដើម្បីជៀសវាងថ្លៃសេវាយឺតយ៉ាវ
- ប្រសិនបើអ្នកត្រូវការបង់វិក្កយបត្រយឺតជាងថ្ងៃកំណត់ សូមទូរសព្ទស្នើសុំរយៈពេលអនុគ្រោះ
- សាកល្បងវិធីសាស្ត្រស្រោមសំបុត្រសម្រាប់ការចាយជាសាច់ប្រាក់ ប្រសិនបើអ្នកមានទំនោរចំណាយលើសការកំណត់
- ពិនិត្យមើលថវិការបស់អ្នកជារៀងរាល់ខែ ហើយកែសម្រួលតាមការចាំបាច់។ មិនមែនរាល់ខែទាំងអស់នឹងដូចគ្នានោះទេ ហើយករណីនេះមិនជាបញ្ហាឡើយ
- សូមពិចារណាទិញអាហារក្នុងបរិមាណច្រើន។ ចូលរួមក្រុមទិញអាហារបរិមាណច្រើន ឬទិញចូលគ្នាជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជិតខាង ដើម្បីសន្សំប្រាក់លើអាហារ។
- សូមអានប្លក់ការគ្រប់គ្រងបំណុលរបស់យើងសម្រាប់គន្លឹះអំពីរបៀបបង្កភាពកាន់តែងាយស្រួលក្នុងការបង់វិក្កយបត្រ។
យោបល់ចុងក្រោយ
ការរស់នៅសម្រាប់តែបង្គ្រប់ការចំណាយប្រចាំថ្ងៃគឺជារឿងដែលតានតឹងមួយ ប៉ុន្តែវាមិនចាំបាច់ជារឿងអចិន្ត្រៃយ៍នោះទេ។ ការរៀបចំកញ្ចប់ថវិកាផ្តល់អំណាចដល់អ្នកក្នុងការមើលឃើញលុយរបស់អ្នកយ៉ាងច្បាស់ និងធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់។ អ្នកមិនចាំបាច់ល្អឥតខ្ចោះទេ – អ្នកគ្រាន់តែត្រូវចាប់ផ្តើមប៉ុណ្ណោះ។ រាល់ជំហានដែលអ្នកអនុវត្តទៅរកការយល់ដឹងអំពីហិរញ្ញវត្ថុ គឺជាជំហានមួយឆ្ពោះទៅរកសេរីភាព។
* ឧបករណ៍ទាំងនេះគឺជាការផ្តល់យោបល់ មិនមែនជាច្បាប់ទេ។ កញ្ចប់ថវិកាដ៏ល្អបំផុតគឺជាកញ្ចប់ថវិកាដែលមានប្រសិទ្ធភាពសម្រាប់អ្នក – ដូច្នេះសូមធ្វើការផ្លាស់ប្តូរតាមការចាំបាច់។


