- Self-Care
ផ្តោតលើរូបអ្នក៖ ជំនួយគាំទ្រសុខភាពផ្លូវអារម្មណ៍ និងផ្លូវចិត្តសម្រាប់អ្នកថែទាំ
ឆ្នាំថ្មីគឺជាពេលវេលាដ៏ល្អមួយដើម្បីផ្តោតលើសុខភាពផ្លូវអារម្មណ៍ និងផ្លូវចិត្តរបស់អ្នក។ តាមរយៈការធានារ៉ាប់រងលើការថែទាំសុខភាពតាមរយៈ SEIU 775 Benefits Group មានអត្ថប្រយោជន៍ជាច្រើន — ចាប់ពីការជំនួយគាំទ្រប្រកបដោយវិជ្ជាជីវៈ រហូតដល់ឧបករណ៍ថែទាំខ្លួនឯង រហូតដល់ការព្យាបាល — ដើម្បីតម្រូវតាមស្ថានភាពបច្ចុប្បន្នរបស់អ្នក និងជួយអ្នកឱ្យសម្រេចបាននូវគោលដៅរបស់អ្នក។
ប្រសិនបើអ្នកកំពុងជួបប្រទះនូវបញ្ហាណាមួយខាងក្រោម សូមពិចារណាសាកល្បងអត្ថប្រយោជន៍សុខភាពផ្លូវអារម្មណ៍ និងសុខភាពផ្លូវចិត្តដែលមានសម្រាប់អ្នក៖
- អារម្មណ៍ថប់បារម្ភ ឬការធ្លាក់ទឹកចិត្តជាបន្តបន្ទាប់។
- ការផ្លាស់ប្តូរ ឬការប្រែប្រួលក្នុងឆាកជីវិតដ៏ធំ។
- បញ្ហាទំនាក់ទំនងស្នេហា ឬបញ្ហាប្រឈមក្នុងគ្រួសារ។
- ការបាត់បង់ និងភាពសោកសៅ។
- ការញៀន ឬការប្រើប្រាស់សារធាតុញៀន។
- បំណងចង់ធ្វើឱ្យសុខភាពផ្លូវអារម្មណ៍ និងផ្លូវចិត្តរបស់អ្នកប្រសើរឡើង។
នៅក្នុងប្លុកនេះ អ្នកនឹងស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍របស់អ្នក និងរបៀបចូលប្រើពួកវា ដូច្នេះអ្នកអាចជ្រើសរើសអ្វីដែលស័ក្តិសមសម្រាប់អ្នក។
ជំនួយគាំទ្រប្រកបដោយវិជ្ជាជីវៈ៖ ការព្យាបាលជាលក្ខណៈបុគ្គល និងជាក្រុម
ស្វែងយល់ពីគំនិត អារម្មណ៍ និងសកម្មភាពរបស់អ្នក ហើយទទួលបានជំនួយគាំទ្រនៅក្នុងបរិបទជាលក្ខណៈបុគ្គល និងជាក្រុម។ វាអាចដោយផ្ទាល់ ឬតាមអ៊ីនធឺណិត អាស្រ័យលើកាលវិភាគ និងចំណូលចិត្តរបស់អ្នក។
- ការព្យាបាលលក្ខណៈបុគ្គលគឺជាលំហសម្ងាត់ និងគ្មានការវិនិច្ឆ័យ ដើម្បីទទួលបានជំនួយគាំទ្រជាបន្តបន្ទាប់ពីអ្នកផ្តល់សេវាសុខភាពផ្លូវចិត្តដែលអាចទុកចិត្តបាន។ នៅពេលដែលអ្នករកបានអ្នកព្យាបាលត្រឹមត្រូវ អ្នកអាចបង្កើតទំនាក់ទំនងបន្តសម្រាប់ជំនួយគាំទ្រជាមួយនឹងភាពរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក។
- ការព្យាបាលជាក្រុមកើតឡើងក្នុងក្រុមតូចៗ ដែលអ្នក និងសមាជិកផ្សេងទៀតដែលមានបទពិសោធស្រដៀងគ្នាអាចធ្វើការដើម្បីសម្រេចបានគោលដៅរួម។ នៅទីនេះ អ្នកនឹងរៀន និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ដែលដឹកនាំដោយអ្នកព្យាបាល។
ស្វែងយល់បន្ថែមអំពីរបៀបស្វែងរកជំនួយគាំទ្រប្រកបដោយវិជ្ជាជីវៈលើគម្រោងសុខភាពរបស់អ្នក។
របៀបចូលប្រើជំនួយគាំទ្រប្រកបដោយវិជ្ជាជីវៈ
នៅលើSummary of Benefits Coverage (សេចក្តីសង្ខេបនៃការធានារ៉ាប់រងអត្ថប្រយោជន៍) (SBC) របស់អ្នក អត្ថប្រយោជន៍សុខភាពផ្លូវចិត្តរបស់អ្នកក៏អាចត្រូវបានគេហៅថាសេវាកម្ម 'សុខភាពឥរិយាបថ' ផងដែរ។ សេវាកម្មទាក់ទងនឹងការប្រើសារធាតុញៀនក៏ត្រូវបានរកឃើញនៅក្នុងប្រភេទនេះផងដែរ។ មានជម្រើសថែទាំដែលមានការរ៉ាប់រងចំនួន 2 ប្រភេទអាស្រ័យលើភាពធ្ងន់ធ្ងរនៃករណីរបស់អ្នក – ការថែទាំក្នុងការិយាល័យ ឬអ្នកជំងឺមិនស្នាក់ព្យាបាល និងការថែទាំអ្នកជំងឺស្នាក់ព្យាបាលក្នុងមន្ទីរពេទ្យ។
មិនមានការគិតថ្លៃសេវាអ្នកជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យ
ក្នុងបណ្តាញទេ។ ប្រសិនបើអ្នកជ្រើសរើសអ្នកផ្តល់សេវាដែលនៅក្រៅបណ្តាញ វានឹងមានការចំណាយដែលពាក់ព័ន្ធ។ ដើម្បីស្វែងរកអ្នកផ្តល់សេវាក្នុងបណ្តាញ សូមចូលទៅកាន់គណនីគម្រោងសុខភាពរបស់អ្នក (Kaiser Permanente ឬ Aetna) ឬហៅទៅកាន់លេខនៅខាងក្រោយកាតសម្គាល់ខ្លួនសមាជិករបស់អ្នក។
ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងស្ថានភាពសុខភាពផ្លូវចិត្តធ្ងន់ធ្ងរជាងនេះ ឬត្រូវការជំនួយទាក់ទងនឹងការប្រើប្រាស់សារធាតុញៀន ឬការញៀន កន្លែងដ៏ល្អបំផុតដែលត្រូវចាប់ផ្តើមគឺដោយការទាក់ទងក្រុមថែទាំរបស់អ្នក។ នៅក្នុងករណីទាំងនេះ ការព្យាបាលមានលក្ខណៈផ្ទាល់ខ្លួនខ្ពស់ ហើយក្រុមថែទាំរបស់អ្នកនឹងអាចបង្កើតផែនការដែលជាក់លាក់ចំពោះតម្រូវការរបស់អ្នក។ សេវាអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យក្នុងបណ្តាញត្រូវបានរ៉ាប់រងលើការចំណាយ។ ហៅទូរសព្ទទៅគម្រោងសុខភាពរបស់អ្នក ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ជាក់លាក់ដែលមាន ដោយផ្អែកលើស្ថានភាពរបស់អ្នក។
- Kaiser Permanente of Washington (KPWA)៖ 1-888-287-2680។
- Kaiser Permanente Northwest (KPNW)៖ 1-503-249-3434។
- Aetna៖ ទូរសព្ទទៅលេខនៅខាងក្រោយកាតសម្គាល់ខ្លួនសមាជិករបស់អ្នក។
ការធានារ៉ាប់រងរបស់អ្នកក៏រួមបញ្ចូលថ្នាំផងដែរ ប្រសិនបើវាត្រូវបានចេញវេជ្ជបញ្ជាដោយអ្នកផ្តល់សេវាសុខភាពផ្លូវចិត្តរបស់អ្នក។
ស្វែងយល់បន្ថែមអំពីលក្ខខណ្ឌទូទៅនៃការថែទាំសុខភាព ប្រសិនបើអ្នកមានសំណួរអំពីសេវាក្នុងបណ្តាញធៀបនឹងក្រៅបណ្តាញ អ្នកជំងឺសម្រាក់ក្នុងមន្ទីរពេទ្យ និងសេវាអ្នកជំងឺមិនសម្រាកក្នុងមន្ទីរពេទ្យ និងច្រើនទៀត។
ឧបករណ៍ថែទាំខ្លួនឯងដោយឥតគិតថ្លៃ និងការបង្វឹកសុខុមាលភាព
កម្មវិធីស្មាតហ្វូនថែទាំខ្លួនឯងត្រូវបានផ្តល់ជូនតាមរយៈការធានារ៉ាប់រងលើការថែទាំសុខភាពរបស់អ្នក។
ស្វែងយល់អំពីអត្ថប្រយោជន៍នៃការថែទាំខ្លួនឯងទាំងអស់ដែលមានសម្រាប់អ្នក។
គ្រូបង្វឹកសុខភាពដោយឥតគិតថ្លៃអាចផ្តល់ការណែនាំមួយទល់មួយ ដើម្បីបង្កើតទម្លាប់ដែលមានសុខភាពល្អ ដូចជាការញ៉ាំអាហារឱ្យបានល្អ ការកាត់បន្ថយភាពតានតឹង និងការបញ្ចេញសកម្មភាពរាងកាយ។ ស្វែងយល់បន្ថែមអំពីការបង្វឹកសុខុមាលភាព និងអត្ថប្រយោជន៍នៃការរស់នៅប្រកបដោយសុខភាពល្អផ្សេងទៀតដែលមាននៅក្នុងគម្រោងជាក់លាក់របស់អ្នក។
ការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកគឺជាផ្នែកមួយដ៏សំខាន់នៃសុខុមាលភាពទូទៅ។ នេះគឺជាឆ្នាំមួយដែលត្រូវផ្តល់អាទិភាពដល់ភាពរីកចម្រើន និងសុភមង្គលផ្ទាល់ខ្លួនរបស់អ្នក ដោយប្រើអត្ថប្រយោជន៍ និងសេវាកម្មដែលមានសម្រាប់អ្នក។
លេខទូរសព្ទផ្នែកភាសា
ប្រសិនបើអ្នកនិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេស ជំនួយភាសាក៏ត្រូវបានផ្តល់ជូនផងដែរ។ សូមហៅទូរសព្ទទៅខ្សែទូរសព្ទណាមួយខាងក្រោម ដើម្បីទទួលបានជំនួយ។
- Kaiser Permanente Washington៖ 1-888-901-4636។
- Kaiser Permanente Northwest៖ 1-800-813-2000។
- Aetna៖ 1-866-353-9802។


